ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យស្ថាប័នជាតិនិងអន្តរជាតិចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃឆ្លងដែន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃគ្រប់ប្រភេទឆ្លងដែនខុសច្បាប់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យស្ថាប័នជាតិ និងអន្តរជាតិ ចូលរួមទប់ស្កាត់បទ ល្មើសព្រៃឈើ និងសត្វព្រៃឆ្លងដែន។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីសន្តិសុខបរិស្ថានជាតិ បទល្មើសព្រៃឈើ និងសត្វ ព្រៃ ដែលរៀបចំធើ្វឡើងដោយក្រសួង បរិស្ថាន និងស្ថាប័ន INTERPOL នៅ សណ្ឋាគារសុខាភ្នំពេញ រដ្ឋមន្ត្រីក្រសួង បរិស្ថាន លោក សាយ សំអាល់ នៅព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បានជំរុញឲ្យស្ថាប័នជាតិនិង អន្តរជាតិបន្តចូលរួមទប់ស្កាត់បន្ថែមទៀត ទៅលើបទល្មើសព្រៃឈើ និងសត្វព្រៃឆ្លង ដែនខុសច្បាប់ បើទោះបីកន្លងមកមានការ បង្ក្រាបបានជាច្រើនករណីហើយក៏ដោយ ។

លោករដ្ឋមន្ត្រីបន្តថា មានតែកិច្ចសហ ការ និងយកចិត្តទុកដាក់ពីសំណាក់ ស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើប្រាស់កម្លាំងសរុប ដូចជា ស្ថាប័នគយនៅតាមច្រកព្រំដែន និងកំពង់ ផែនានាចូលរួម ទប់ស្កាត់បង្ក្រាបបទល្មើស ទើបកម្ពុជាទទួលបានជោគជ័យ ។ លោក បញ្ជាក់ថា បើនៅតែបន្តមានបទល្មើស ព្រៃឈើ និងសត្វព្រៃនឹងធ្វើអឲ្យប៉ះពាល់ ឬបាត់បង់ធនធានធម្មជាតិដ៏កម្រនៅក្នុង តំបន់ និងពិភលោក ។ ដូច្នេះសិក្ខាសាលា រយៈពេលមួយថ្ងៃដែលធ្វើនៅកម្ពុជានេះ ធ្វើយ៉ាងណាពិភាក្សារិះរកមធ្យោបាយ សមស្រប និងផ្លាស់ប្តូរបទពិសោធន៍ និង ព័ត៌មានគ្នាក្នុងការទប់ស្កាត់ការជួញដូរបទល្មើសព្រៃឈើ និងសត្វព្រៃឆ្លងដែនខុស ច្បាប់នៅទូទាំងតំបន់ និងពិភពលោក ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ពេលនេះជាពេលវេលាសមរម្យមួយ ដែលយើងត្រូវងាកទៅរកការប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើ និងសត្វព្រៃឆ្លងដែនខុស ច្បាប់ ។ បញ្ហាបទល្មើសព្រៃឈើនិងសត្វព្រៃឆ្លងដែននេះ គឺកើនឡើងគ្រប់ទីកន្លែង ដូច្នេះយើងទាំងអស់គ្នាគួរសហការគ្នាចូល រួមទប់ស្កាត់ ។ បទល្មើសដែលជនល្មើស កំពុងតែប្រើមានគ្រប់កលល្បិចទោះតាម រូបភាពដាក់ក្នុងវ៉ាលិសដាក់ក្នុងកប៉ាល់គ្រប់សព្វបែបយ៉ាងដើម្បីយកសត្វទាំងអស់នោះមកឬយកសត្វទាំងអស់នោះឆ្លងដែនដោយខុសច្បាប់ ។ ប៉ុន្តែសម័យនេះជា សម័យបច្ចេកវិទ្យាជឿនលឿន ដូច្នេះសូមឲ្យសមត្ថកិច្ចគ្រប់ថ្នាក់ ដូចជាសមត្ថកិច្ច គយ នគរបាលសេដ្ឋកិច្ច កងរាជអាវុធហត្ថ និងកម្លាំងយោធា រួមទាំង ក្រសួងបរិស្ថាន និងនគរបាល INTERPOL រួមសហការគ្នា ដើម្បីទប់ស្កាត់ បទល្មើសព្រៃឈើ និងសត្វ ព្រៃឆ្លងដែនខុសច្បាប់ ។

លោកបានកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ជាពិសេសសមត្ថកិច្ច គយ កម្លាំងនគរបាលនៅកំពង់ផែ ដែល បានសហការគ្នាក្នុងការទប់ស្កាត់បទ ល្មើស ភ្លុកដំរី ឆ្អឹងខ្លា ដែលបង្ក្រាបបាន កន្លងមក ដែលនេះជាបទល្មើសឆ្លងដែន មួយដ៏ធំ ហើយសមត្ថកិច្ចយើងស្រាវជ្រាវ ចាប់បង្ក្រាបបាន ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ប្រទេសកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកក្នុងការបង្ក្រាបលើការជួញ ដូរសត្វ ព្រៃ និងបទល្មើសព្រៃឈើជាបន្តបន្ទាប់។ តែយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហា ប្រឈមខ្លះដែរក្នុងការបង្ក្រាបពាក់ព័ន្ធបទ ល្មើសតូចតាចដែលនៅតែបន្តមាន តែ សម្រាប់បទល្មើសធំៗ សមត្ថកិច្ចបានបង្ក្រាប ដូចជាកន្លងទៅមានការបង្ក្រាបភ្លុកដំរីនិងឆ្អឹងខ្លាដែលនាំមកពីអាហ្វ្រិកឆ្លងកាក់កម្ពុជាជាដើម។

លោក សៅ សុភាព បានគូសបញ្ជាក់ថា កន្លងមកនេះ ប្រទេស កម្ពុជាបានបង្ក្រាប បទល្មើសៗជាច្រើនករណីពាក់ព័ន្ធនឹងការជួញដូរព្រៃឈើ និងសត្វព្រៃឆ្លងដែនខុស ច្បាប់ ស្របតាមយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីដើមឆ្នាំ២០១៧កន្លងមកនេះ ហើយមានជនល្មើសខ្លះត្រូវបានកាត់ទោសនិង បន្ត ឃុំខ្លួនក្នុងពន្ធនាគារផងដែរ ។

លោក ឱម សាវ៉ាត នាយកប្រតិបត្តិនៃអង្គការសម្ពន្ធភាព ដើម្បីអភិរក្ស ធនធាន ធម្ម ជាតិបានថ្លែងថា ប្រទេសកម្ពុជាមានសក្តានុពលច្រើនក្នុង ការចូលរួមចំណែកកាត់បន្ថយការរត់ពន្ធសត្វព្រៃ និងធនធាន ធម្មជាតិ ព្រោះថា ធនធានធម្មជាតិខ្លះជាប្រភេទធនធានធម្មជាតិដ៏កម្រ ៕ ហេង សូរិយា


ចែករំលែក៖