ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្គាប់ឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ឈប់ជួលម៉ោងឲ្យវិទ្យុ ABC

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញលិខិតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដោយបង្គាប់ឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ឈប់ជួលម៉ោងឲ្យវិទ្យុ ABC ផ្សាយ ។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រសួងព័ត៌មានស្នើម្ចាស់ ស្ថានីយវិទ្យុទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានី ភ្នំពេញបញ្ឈប់កិច្ចសហការផលិតកម្មវិធី ផ្សាយរវាងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ ៣រាជធានីភ្នំពេញជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50 MHz ។

លិខិតរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ៖ កន្លងមកក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាតឲ្យ មានកិច្ចសហការជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50 MHz ក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង៦ៈ០០នាទី ដល់ ម៉ោង៩ៈ០០នាទីព្រឹក។ ប៉ុន្តែបន្ទាប់ពីស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញ បានដំណើរការផ្សាយកម្មវិធីនេះមួយរយៈ ពេលខ្លីកន្លងមកបានកើតមានប្រតិកម្មពី សំណាក់មហាជនជាច្រើនធ្វើការរិះគន់ទៅ លើពិធីករ ពិធីការិនី កម្មវិធីចម្រុះABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យការ ប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នក សារព័ត៌មាន និងបានប្រមាថមើលងាយអ្នក ស្តាប់ ក៏ដូចជាទស្សនិកជនក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ពិធីករ-ពិធីការិនីផ្សេងទៀត ។

ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់ មហាជន និងភាពអសកម្មទាំងឡាយដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួង តម្រូវឲ្យឯកឧត្តម បញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយវិទ្យុ-ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយ វិទ្យុABCកម្ពុជា FM107.50MHzជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

គួរបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងព័ត៌មានបាន ដាស់តឿនក្រើនរំលឹកដល់ពិធីករ ពិធីការិនី ទូរទស្សន៍ វិទ្យុទាំងឡាយឲ្យរក្សាឲ្យបានសេចក្ដីថ្លៃថ្នូររបស់ខ្លួន រហូតដល់ប្រើពាក្យ ថា “ពិធីករ ពិធីការិនីណា ដែលឡឺតមើល ងាយទស្សនិកជនមិនឲ្យមានមុខនិងសំឡេង នៅបណ្ដាញផ្សព្វផ្សាយរដ្ឋ”នោះបានធ្វើ ឲ្យមមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ គ្រួសារ ABC របស់លោកអាចារ្យអេ ដោយពួកគេបានចេញមុខឆ្លើយតបទៅ វិញថា ក្រសួងព័ត៌មានកំពុងជាន់ពន្លិចABC ព្រោះខ្លាចខូចឈ្មោះដែលគេជេរថាក្រសួង មិនចេះមើល ABC ។

លោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា អ្វីដែលលោករដ្ឋមន្ដ្រីបាន លើកឡើងនោះ គឺពុំមានន័យជាន់ពន្លិចទៅលើជនណាម្នាក់នោះទេ ប៉ុន្តែនោះគឺជា ការស្ថាបនា ដើម្បីឲ្យមានភាពល្អប្រសើរ ៖ ក្រសួងព័ត៌មាន មានទៅជាន់ទៅពន្លិចអី គាត់…យើងគ្រាន់តែចង់ឲ្យអ្នកសារព័ត៌ មានទាំងអ្នកអាន អ្នកនិយាយ អ្នកអត្ថាធិ ប្បាយហ្នឹងធ្វើអីឲ្យវាសមរម្យទៅតាមទំនៀមទម្លាប់របស់សារព័ត៌មានទៅ ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា បណ្ដា ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយសុទ្ធតែត្រូវការទាក់ទាញ ដើម្បីឲ្យទស្សនិកជនឬប្រិយមិត្តគាំទ្រច្រើន ប៉ុន្តែអ្វីទាំងនោះ គឺមានតែក្នុង ពាក្យសម្ដី ហើយគោរពទៅតាមក្រមសីលធម៌សារព័ត៌មានមិនអាចធ្វើអីតាមទំនើង ចិត្តនោះទេ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌ មានបានបង្ហោះសារនៅព្រឹកថ្ងៃទី២៤មក រានេះទៀតថា ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករពិធីការិនីណា ដែលឡឺតរហូតមើល ងាយសាធារណជន មិនត្រូវមានមុខ មានសំឡេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃ វិជ្ជាជីវៈរបស់ខ្លួនអនុម័តជំហរនេះទៀត គឺ ជាការប្រសើរ ។

នេះជាសារទី២ របស់លោកតាមរយៈ បណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់គ្នា ក្នុងន័យក្រើនរំលឹកដល់ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ទាំងអស់គួររក្សាឲ្យបានសេចក្ដីថ្លៃថ្នូរនិងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ។

នៅក្នុងកម្មវិធីផ្សាយកាលព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ក្រុមអ្នកកាន់កម្មវិធីផ្សាយរបស់វិទ្យុABCតាមរយៈស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានចំណាយពេលជាច្រើនម៉ោងឆ្លើយតបបែបចំអកចំពោះ អ្នករិះគន់ពួកគេ ។ និយាយរួមគឺពួកគេមិនទទួលស្គាល់កំហុសនោះឡើយ ។

ទោះយ៉ាងណាក៏ដោយ ការណែនាំ និងមតិរិះគន់ របស់ប្រជាពលរដ្ឋ ក៏ដូចជាសារខ្លីៗតាមទំព័រហ្វេសប៊ុករបស់លោករដ្ឋមន្ដ្រី ត្រូវបានពិធីការិនី កញ្ញា CK បញ្ជាក់ថា រូប នាងមិនអាចទទួលយកបានទេ ចំពោះការ រិះគន់ ដើម្បីជាន់ពន្លិចបែបនេះ ៕ ហេង សូរិយា

 

bac swr


ចែករំលែក៖