ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឱ្យលោកស្រី Ruth Stewart ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅកម្ពុជានិងគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។

លោករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតរងអូស្រ្តាលីនិងគណៈប្រតិភូ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល អូស្រា្តលី ដែលកន្លងមកបានផ្តល់នូវគម្រោងអភិវឌ្ឍន៍នៅកម្ពុជាជាពិសេសតាមរយៈ គម្រោង ខ្សែចង្វាក់ផលិតកម្មកសិកម្មនៅ កម្ពុជាដែលកន្លងមកជំហានទី១បានអនុ វត្តប្រកបដោយជោគជ័យនិងទទួលបានលទ្ធផលល្អ។

បច្ចុប្បន្នគម្រោងនេះត្រូវបាននិងកំពុងអនុវត្តបន្តក្នុងជំហានទី២ ដែលផ្តោតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងជំរុញខ្សែចង្វាក់ផលិតកម្មកសិកម្ម។ លោករដ្ឋមន្រ្តី វេង សាខុន បានគូសបញ្ជាក់ថា តាមរយៈរបាយការណ៍ចុះសិក្សានិង វាយតម្លៃរបស់ធនាគារពិភពលោកបាន បង្ហាញថា គម្រោង CAVAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកសិកម្ម នៅកម្ពុជា ដោយហេតុថាប្រជាកសិករដែលជាអ្នកទទួលផលពីគម្រោងមាន ជីវភាពប្រសើរឡើង និងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបង្កបង្កើនផល។

ក្នុងជំនួបនោះដែរលោកស្រី Ruth Stewart បានជម្រាបជូនលោករដ្ឋមន្រ្តីថាគោលបំណងដែលលោកស្រីចូលជួបនៅពេលនេះគឺដើម្បីធ្វើការណែនាំលោក Michael Young ជាប្រធានក្រុមការងារ គម្រោង CAVAC ជំហានទី២ ដែលបាននិង កំពុងអនុវត្តគម្រោងតាំងពីចុងឆ្នាំ២០១៥មកនិងឆ្លៀតឱកាសជម្រាបរាយការណ៍ជូនពីលទ្ធផលនៃការចុះធ្វើទស្សនកិច្ចនៅតាម ទីតាំងគម្រោងដោយមានការចូលរួមពី តំណាងក្រុមប្រឹក្សា សេដ្ឋកិច្ចកម្ពុជា និង DFAT។

ទន្ទឹមនោះដែរលោក Michael Young ក៏បានបញ្ជាក់ថា តាមរយៈការអនុវត្តគម្រោង CAVAC ជំហាន១ កន្លងមកបានផ្តល់នូវ មេរៀនក៏ដូចជាបទពិសោធន៍ល្អសម្រាប់ក្រុមការងារគម្រោងក្នុងការរៀបចំផែនការសកម្មភាពនិងអនុវត្តការងារបានល្អ ប្រសើរ។ បច្ចុប្បន្នគម្រោងនេះកំពុងផ្តោត ការយកចិត្តទុកដាក់ខ្លាំងទៅលើការផ្សារភ្ជាប់រវាងវិស័យឯកជន នឹងកសិករដើម្បីធានាបាននូវការបង្កើនផលិតភាពនិងគុណភាពផលិតផលកសិកម្មស្របតាមតម្រូវការទីផ្សារ ជាក់ស្តែង។

លោក Michael Young បានបន្តទៀត ថា គម្រោងនេះមានលក្ខណៈបត់បែនទៅតាមស្ថានភាពនៃការវិវឌ្ឍវិស័យកសិកម្មជាក់ស្តែងនៅកម្ពុជា ហេតុដូច្នេះផែនការសកម្មភាពដែលបានគ្រោងនោះត្រូវធ្វើយ៉ាងណាឆ្លើយតបទៅនឹងការប្រែប្រួលទាំងនោះ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្មបានស្នើឱ្យប្រធានក្រុមការងារគម្រោងគួរពិនិត្យនូវ លទ្ធភាពបញ្ចូលការផ្សព្វផ្សាយពីអត្ថ ប្រយោជន៍នៃការធ្វើពិពិធកម្មកសិកម្មនៅតាមតំបន់មួយចំនួនដែលមានសក្តានុពលដាំដុះដូចជាដំណាំកសិកម្មចម្រុះនិងរៀបចំជាកន្លែងប្រមូលផ្តុំនិងវេចខ្ចប់មានលក្ខណៈស្តង់ដារដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោកក៏បានស្នើឱ្យគម្រោងនេះបញ្ចូលនូវការសិក្សាអំពីតុល្យភាពរវាងការផ្គត់ផ្គង់ នឹងតម្រូវការផលិតផលកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ទំនើប ដើម្បីជួយដល់ប្រជាកសិករក្នុងការធ្វើផែនការដាំដុះបានច្បាស់លាស់ ហើយឈានទៅអនុវត្តកសិកម្មតាមកិច្ចសន្យា បានដោយប្រសិទ្ធភាពខ្ពស់៕ សហការី

asd-3 asd-2


ចែករំលែក៖