ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មបើកវេទិកាសាធារណៈនៅឃុំកៀនជ្រៃស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នេះ នៅវត្តកៀនជ្រៃ ភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាមលោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ៨០០នាក់ ។

សូមបញ្ជាក់ថា វេទិកានេះមានគោល បំណងដើម្បីត្រួតពិនិត្យ និងតាមដាន រាល់បញ្ហាប្រឈមក្តីកង្វល់ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ និងសម្រួលដល់ការរស់នៅរបស់ប្រជាពល រដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ។

ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្រ្តីបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំង២តែងតែគិតពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីនេះលោករដ្ឋមន្រ្តីបានលើកទ្បើង ពីការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងផែនការ អភិវឌ្ឍន៍នានា ជាពិសេសការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គិសនី ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីមូលហេតុនៃចលនាពលករចំណាកស្រុក និង​កត្តាទីផ្សារកសិផលផងដែរ ។

នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុក កំពង់សៀម ខេត្តកំពង់ចាម បានលើក ឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាត ផ្លូវលំ ខ្វះខាតប្រព័ន្ធទឹក និងអគ្គិសនី បញ្ហ ដីធ្លី និងទំនប់ទឹក។

ជាការឆ្លើយតបលោករដ្ឋមន្រ្តីបានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្តល់ជូនការជួសជុលផ្លូវដែលរងការខូចខាតនៅក្នុងឃុំនិងការតបណ្តាញអគ្គិសនី ហើយចាត់ឲ្យក្រុមការងារបន្តចាត់វិធាន និងតាមដានចំពោះការអនុវត្តសំណើ ទាំងអស់ ៕ ហេង សូរិយា


ចែករំលែក៖