ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រតិកម្មនឹងការថតផ្សាយរឿងនារីស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ចេញប្រតិកម្មមួយទៅនឹងការថតផ្សាយ នារីម្នាក់ដែលស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវថា គឺជាទង្វើមិនបានគិតដល់សីលធម៌ សុជីវធម៌ និងការអប់រំរបស់អ្នកសារព័ត៌មាន។

ករណីនេះនារីស្រវឹងស្រាដេកក្នុងរថយន្តបានកើតឡើង កាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០ កែងនឹងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួនដែលប្រមាញ់ព័ត៌មានសន្តិសុខនាពេលរាត្រី ដូចក្រុម ទីទុយនោះ បាននាំគ្នាថតរូបភាពនារីម្នាក់ ដែលស្រវឹងជោក និងឈប់ចតដេកក្នុងរថយន្តនៅតាមចិញ្ចើមផ្លូវ។ សកម្មភាព របស់អ្នកថតបែបនេះបានកើតជាអំពើ ហិង្សាមួយ នៅពេលដែលនារីខាងលើទាមទារឱ្យអ្នកសារព័ត៌មានលុបរូបនោះចេញ ប៉ុន្តែពួកគេមិនព្រម។

នៅក្នុងសារដ៏ខ្លីលើបណ្តាញសង្គម Facebook លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការអាណិតចំពោះនារីរូបស្រស់ ដែលដេកក្នុងរថយន្តលើចិញ្ចើមផ្លូវ ដោយសារតែស្រវឹងមិនអាចធ្វើដំណើរបន្តទៅមុខបាន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ដែលជាអតីតអ្នកសារព័ត៌មានចំណាស់ ជាងគេនៅកម្ពុជា បានបន្ទោសក្រុមអ្នក សារព័ត៌មានថា ធ្វើសកម្មភាពខ្វះសីលធម៌ ដោយមិនទាន់គិតដល់តម្កៃវិជ្ជាជីវៈផង។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍តាម បណ្តាញសង្គមយ៉ាងដូច្នេះថា អ្នកដឹងខ្លួន ស្រវឹងឈប់ដេកក្នុងឡាន គឺគួរអាណិតនិង សរសើរព្រោះយល់ពីសមត្ថភាពខ្លួន តែបើ យើងនាំគ្នាទៅថតចុះផ្សាយតើដើម្បីជំរុញឱ្យគាត់បើកបុកគេឯង ដើម្បីខ្លួនឯងមាន អត្ថបទផ្សាយ ឬយ៉ាងណា? បើមិន និយាយ ដល់វិជ្ជាជីវៈទេ យ៉ាងហោចណាស់​យើង គិតពីកម្រិត​សីលធម៌ សុជីវធម៌ និង​ការ​​អប់រំទៅចុះ ៕ ហេង នរិន្ទ្រ


ចែករំលែក៖