ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកូរ៉េខាងត្បូង រងការប្តឹងទាមទារប្រាក់សំណងមួយចំនួនធំ

ចែករំលែក៖

មានពលរដ្ឋប្រមាណជាង១ពាន់នាក់ រួមមានទាំងអតីតពលរដ្ឋកូរ៉េខាងត្បូង និងគ្រួសារបានដាក់លិខិតប្តឹង ទាមទាររដ្ឋាភិបាលកូរ៉េខាងត្បូងសងសំណង ដោយសារតែពលរដ្ឋទាំងនោះ រងការបង្ខំឲ្យធ្វើការនៅក្នុងប្រទេសជប៉ុន អំឡុងពេលនៃសង្គ្រាម ។

ពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងនោះ គឺត្រូវបង្ខំឲ្យធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុន ក្នុងអំឡុងនៃសង្គ្រាម លោកលើកទីពីរ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋទាំងនោះ ត្រូវបង្ខំឲ្យធ្វើការបម្រើកម្លាំងទាហានចក្រពត្រជប៉ុន ។ ពលរដ្ឋខាងលើ បានទាមទាររដ្ឋាភិបាលកូរ៉េខាងត្បូង សងសំណង៨៨ពាន់ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ៗ ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលជប៉ុន មានតម្លៃជាង៥០០លានដុល្លារ ក្រោយពេល ប្រទេសទាំងពីរបានសម្រេចបង្កើតទំនាក់ទំនងល្អប្រសើរនឹងគ្នានាឆ្នាំ១៩៦៥ ។ នៅពេលនោះ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា ការទាមទាសំណង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ ។

រដ្ឋាភិបាលទីក្រុងសេអ៊ុល បានចំណាយប្រាក់ទាំងនោះ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រោងចក្រផលិតដែកថែម ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បាន ចំណាយប្រាក់មួយចំនួនទៅលើអតីតបុគ្គលិក ធ្លាប់បម្រើការនៅជប៉ុន ក្នុងសម័យសង្គ្រាមនោះដែរ តែជនរងគ្រោះថា មិនទាន់គ្រប់គ្រាន់។

ពេលកន្លងមកថ្មីៗ តុលាការ កូរ៉េខាងត្បូង បានចេញសេចក្តីសម្រេច ស្នើដល់ក្រុមហ៊ុន ជប៉ុនមួយចំនួន សងសំណងដល់ពលករ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ៕


ចែករំលែក៖