ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ស្វែងរកការអន្តរាគមន៍ពី​ WTO

ចែករំលែក៖

ក្រោយពេលដែលអាមេរិក បង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ ជាបន្តបន្ទាប់មក វេណេហ្ស៊ុយអេឡា ផ្ញើលិខិត តវ៉ាឡើងទៅកាន់​ WTO ប្រឆាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក ។

កាលពីថ្ងៃទី៨ ខែមករា អង្គការពាណិជ្ជកម្មពិភពលោក WTO បានប្រកាសឲ្យដឹងថា ប្រទេសវេណេហ្ស៊ុយអេឡា បានផ្ញើលិខិតតវ៉ាឡើងទៅកាន់ WTO ប្រឆាំងនឹងការដាក់សម្ពាធលើសេដ្ឋកិច្ចអាមេរិក តាមរយៈទណ្ឌកម្ម ។

នៅក្នុងលិខិតដែលបានដាក់ទៅកាន់អង្គការ WTO ភាគីវេណេហ្ស៊ុយអេឡាបានលើកឡើងថា ច្បាប់ហាមប្រាម ធ្វើដំណើរចុះឡើង ទៅលើបុគ្គលមួយចំនួន ជាជនជាតិវេណេហ្ស៊ុយអេឡា របស់អាមេរិក គឺជាការបំពានច្បាប់ពាណិជ្ជកម្មរបស់ WTO ។ ជាមួយគ្នានេះ អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Delcy Rodriguez បានលើកឡើងថា ប្រទេសរបស់លោកមិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ ។

ពាក់ព័ន្ធការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី៨ ខែមករា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន បានចេញច្បាប់ដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល៧រូប ដែលជាមន្ត្រីជាន់ខ្ពស់ របស់វេណេហ្ស៊ុយអេឡា ។ ក្រៅពីនេះ នៅមានស្ថានប័នអង្គការនានា ក្នុងនោះមានទាំងបណ្តាញទូរទស្សន៍ផងដែរ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពដាក់ទណ្ឌកម្ម របស់អាមេរិក នឹងធ្វើឲ្យស្ថានភាពនយោបាយសេដ្ឋកិច្ចរបស់វេណេហ្ស៊ុយអេឡា កាន់តែតានតឹងខ្លាំងឡើង ។ កន្លងមកថ្មីៗ សភាវេណេហ្ស៊ុយអេឡា បានអំពាវនាវដល់កម្លាំងទាហាន ប្រឆាំងនឹងប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដោយការឡើងកាន់តំណែងក្នុងអាណត្តិទី២របស់លោក គឺជារឿងខុសច្បាប់៕ ម៉ែវ សាធី

 


ចែករំលែក៖