ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលវេណេហ្ហ្ស៊ុយអេឡា បន្តបណ្តេញមន្ត្រីទូតបរទេស​

ចែករំលែក៖

នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ហ្ស៊ុយអេឡា ដឹកនាំដោយប្រធានាធិបតី ម៉ាឌូរ៉ូ បានសម្រេចបណ្តេញមន្ត្រីទូតអាល្លឺម៉ង់ ចេញពីប្រទេសនេះ។ សារព័ត៌មាន AFP ផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ថា ការដែលរដ្ឋាភិបាលបណ្តេញទូតអាល្លឺម៉ង់នេះ ដោយសារតែអាល្លឺម៉ង់បានគាំទ្រមេដឹកនាំប្រឆាំង Juan Guaido ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ។

នៅពេលនេះ អាមេរិកបាននិងកំពុងពង្រឹងការដាក់ទណ្ឌកម្មរដ្ឋាភិបាលវេណេហ្ហ្ស៊ុយអេឡារបស់លោកប្រធានាធិបតី Nicolas Maduro ផងដែរ ។ក្រុងវ៉ាស៊ីនតោនបានអំពាវនាវផងដែរ ឲ្យរដ្ឋាភិបាលលោក Maduro ដោះលែងអ្នកកាសែតអាមេរិក ដែលត្រូវចាប់ឃុំខ្លួននៅទីក្រុង Caracas ជាបន្ទាន់ ។ ពេលនេះ ស្ថានការកំពុងតែបង្កឲ្យតានតឹងធ្ងន់ធ្ងររវាងវេណេហ្ហ្ស៊ុយអេឡា នឹងរដ្ឋបាលអាមេរិក របស់លោកដូណាល់ ត្រាំ ។

ក្រសួងការបរទេសវេណេហ្ហ្ស៊ុយអេឡា ចេញប្រកាសយ៉ាងដូច្នេះថា ទុកពេល៤៨ម៉ោង ឲ្យលោក Martin Kriener ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ត្រូវចាកចេញពីវេណេហ្ហ្ស៊ុយអេឡា ដោយសារតែសកម្មភាព«ជ្រៀតជ្រែក» កិច្ចការផ្ទៃក្នុងរបស់វេណេហ្ហ្ស៊ុយអេឡា ។ ពេលនេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានទៅដល់ប្រទេសរបស់ខ្លួនវិញហើយ បន្ទាប់ពីទទួលការជូនដំណើរយ៉ាងរាក់ទាក់ពីលោក Guaido ទៅដល់អាកាសយានដ្ឋានទីក្រុង Caracas កាលពីថ្ងៃម្សិលមិញនោះ ។

ចំណែកអាមេរិក​វិញបានប្រកាសថា នឹងដាក់ទណ្ឌកម្មទៅលើប្រទេសណា​ដែលបានគាំទ្រ ដល់ប្រធានាធិបតីម៉ាឌូរ៉ូ ។ បេសកជនពិសេសអាមេរិកប្រចាំវេណេហ្ស៊ុអេឡា លោក Elliott Abrams បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងមិនកំណត់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងតែទៅនឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូនោះទេ ប៉ុន្តែគឺប្រឆាំងរាល់ប្រទេស ឬអ្នកទាំងឡាយ ណាដែលគំាទ្រប្រធានាធិបតីរូបនេះតែម្ដង។

លោក Elliott Abrams កត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។ ថ្លែងនាឱកាសនោះ បេសកជនពិសេសរូបនេះ បានលើកឡើងដូច្នេះថា៖ «ថ្វីបើយើងមិនទាន់សម្រេចចិត្តណាមួយក៏ដោយ ប៉ុន្តែការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចអាចនឹងត្រូវធ្វើឡើងប្រឆាំងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ឬក៏ប្រទេសទី៣ដែលគាំទ្ររបបមួយនេះ»។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ទណ្ឌកម្មប្រឆាំងប្រធា​នាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ព្រមទាំងដាក់កំហិតលើការផ្ដល់ទិដ្ឋការថ្មីមួយឱ្យមន្ត្រីវេណេហ្ស៊ុយអេឡារាប់សិបនាក់ទៀតផង៕


ចែករំលែក៖