ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបាញ់បេតុងក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដបាញ់បេតុងមួយគ្រឿងបើកមិនប្រយ័ត្នរអិលក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស១ម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣១នាទី ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ត្រង់ផ្លូវលំ ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ហ៊ួត ឡៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំកំពង់ត្រាំ ស្រុកពារាំង ខេត្តព្រៃវែង រីជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ភួង ងន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិខ្មា ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងម្នាក់ទៀតរងរបួសស្រាលឈ្មោះ វ៉ែន រឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែករថយន្ដម៉ាកហ្វុយស៊ូ ពណ៌បៃតង ឆ្នូតស ប្រភេទរថយន្ដបាញ់បេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-0291 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកហ្វុយស៊ូ ប្រភេទរថយន្ដបាញ់បេតុង ធ្វើដំណើរតាមបណ្ដោយផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះបើកមកដល់កន្លែងកើតហេតុ បានរអិលក្រឡាប់ធ្លាក់ទៅក្រោមផ្លូវ បណ្តាលឲ្យមនុស្សស្លាប់នៅកន្លែងកើតហតុ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់ស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបានចុះមកធ្វើអន្ដរាគមន៍ ដឹកជនរងគ្រោះរងរបួសធ្ងន់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖