ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមួយគ្រឿងបើករេចង្កូតជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដ TOYOTA TACOMAមួយគ្រឿងបើកល្បឿនលឿនដូចហោះ បានរេចង្កូតជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទាំង២គ្រឿងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៦និង៣៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្ដបង្កម៉ាក TOYOTA TACOMA ពណ៌ស្លែ ពាក់ស្លាកលេខតាកែវ2A-1790 បើកបរដោយជនពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។ ចំណែកភាគីខាងម៉ូតូមាន២គ្រឿង មួយគ្រឿងម៉ាកScoopy ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1Q-8710 បើកបរដោយឈ្មោះ អ៊ឹម ទីតា ភេទស្រីអាយុ១៨ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល (របួសធ្ងន់) និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកកលេខភ្នំពេញ1CK-5950 បើកបរដោយឈ្មោះ ហេង លីណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល (រងរបួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត បើកដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្ដបង្កខាងលើបានរេចង្កូតជ្រុលទៅបុកម៉ូតូ២គ្រឿងពេញមួយទំហឹង បណ្ដាលឲ្យនារីរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកScoopyទទួលរងរបួសធ្ងន់ រីក្មេងស្រីរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីម រងរបួសស្រាល ចំណែកអ្នកបើករថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿង ត្រូវបាននគរបាលជំនាញស្រុកចុះធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖