ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំយ៉ុងបើកចុះស្ពានបុកបុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ភ្លាមនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្ដសាំយ៉ុងបើកចុះពីស្ពានគេចមិនទាន់ បានបុកស្លាប់ភ្លាមៗនៅកន្លែងហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង២៧នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឭ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងមានឈ្មោះ ឈុំ សាម៉ាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់រោទិ៍ ឃុំកំពង់រោទិ៍ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែករថយន្ដម៉ាកម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 2P-8590 បើកបរដោយឈ្មោះ អុល ដុក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើម៉ាកសាំងយ៉ុង បើកបរចុះពីលើស្ពានព្រែកក្តាម ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះជាអ្នកថ្មើរជើងខាងលើបានដើរឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ដោយរថយន្ដមានល្បឿនលឿនព្រោះចុះស្ពាន ក៏គេចមិនទាន់បុកអ្នកឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចត្រួតពិនិត្យ និងវាស់វែង និងកសាងឯកសារដកហូតយករថយន្ដខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖