ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដCRVបុកម៉ូតូ២គ្រឿងពីក្រោយបណ្ដាលឲ្យមនុស្សម្នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដCRVមួយគ្រឿងបើកមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ២គ្រឿងនៅខាងមុខ បណ្ដាលឲ្យមនុស្សម្នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ម៉ូតូដែលត្រូវរថយន្ដបុកមាន២គ្រឿង ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AA-6800 បើកបរដោយឈ្មោះ ឱ សំអឿន ភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល) រួមដំណើរដោយឈ្មោះ វ៉ាន់ លីម ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសឆ្ងន់បាក់ឆ្អឹងដងកាំបិតខាងឆ្វេង) ។ រីឯម៉ូតូមួយគ្រឿងទៀតហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AB-0338

បើកបរដោយឈ្មោះ ឱ ផា ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង៣នាក់ទីលំនៅភូមិចំបក់មាស ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-8777 បើកបរដោយឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុនឡឧស្ម័នATEC មានទីលំនៅភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់រាជធានីភ្នំពេញ

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះរងគ្រោះជាអ្នកជិះម៉ូតូទាំងគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុម៉ូតូទាំង២គ្រឿងបម្រុងបើកបត់ឆ្លងផ្លូវក្នុងគោលបំណងចូលក្នុងមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ខណៈនោះស្រាប់តែរថយន្ដម៉ាកCRVខាងលើបានបុកពីម៉ូតូទាំង២គ្រឿងពីក្រោយ បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿងត្រូវបាននគរបាលជំនាញចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ស្អាងជ័យ


ចែករំលែក៖