ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបើកលឿនបុកអ្នកដើរឆ្លងផ្លូវស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ ខណៈដែលបញ្ជួនដល់មន្ទីរពេទ្យ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងថយន្តកាមរីឆ្លាមបុកនិងអ្នកដើរឆ្លងផ្លូវពេញទំហឹងលាន់សូដូចរន្ទះកាលពីវេលាម៉ោង១២យប់ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៦៦- ១៦៧ស្ថិត ក្នុង ភូមិ បាវិត់កណ្ដាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់សារព័ត៌មាននគរវត្តថា អ្នកថ្មើរជើងដែលស្លាប់មានឈ្មោះ ជា តារា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្កលិក កាសុីណូ ពិភពថ្មី មានទីលំនៅ ភូមិ ត្រពាំងខ្នា ឃុំ អង់តាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ។

ចំណែកអ្នកបើករថយន្តបង្កហេតុដែលរត់គេចខ្លួន មានឈ្មោះ ផេ ពន្លក ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀងបន្សល់ រថយន្ដ១គ្រឿង ម៉ាក កាមេរី ឆ្លាម ពណ៌ ទឹក មាស ពាក់ស្លាកលេខ បាត់ដំបង 2A 0588 នៅនឹងន្លែង។

តាមសាក្សីបានប្រាប់ថា មុនកើតហេតុគេឃើញរថយន្ដ១គ្រឿង ម៉ាកកាមេរី ឆ្លាមពណ៌ ទឹក មាស ធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រា ពីលិចមកកើត ស្រាប់តែទៅបុកនឹងអ្នកថ្មើរជើងពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើល ចំណែកជនរងគ្រោះរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមព្រពៃណី ។

វីឯវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖