ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាម បុករថយន្តហ៊ីយ៉ាន់ដាយភ្លៅ៥ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសអ្នករត់រថយន្តឈ្នួលម្នាក់ បានរងរបួសធ្ងន់ បែកក្បាលហូរឈាម ត្រូវបានដឹកមកមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយបើករថយន្តបុកបញ្ច្រាសគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយ ភ្លៅ៥ ពេញទំហឹងកាលបីវេលាម៉ោង ១៨និង២០ នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១៣១ /១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ អ៊ុក ភ័ក្រ អាយុ ៣០ ឆ្នាំ មុខរបរ រត់តាក់សុី រស់នៅភូមិ ធ្មល់ សង្កាត់ ចេក ក្រុង ស្វាយរៀង ដោយបើករថយន្តម៉ាក កាមរីឆ្លាម ពណ៌ ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង ២A ០៩៣២ ខូចខាតផ្នែកខាងមុខទាំងស្រុង។

ចំណែកអ្នកបើករថយន្តភ្លៅ៥ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួន បន្សល់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ៣A ៤៤៤៤ នៅនិងកន្លែង។

សាក្សីថារថយន្តម៉ាក កាមរីឆ្លាម ពណ៌ ទឹកមាស មួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរ ពីកើតមកលិចលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស បើកបញ្ច្រាសគ្នាពីលិចទៅកើត ក៏បុកគ្នាពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងដឹកបុរសដែលរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំពោះ រថយន្ដទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដោះស្រាយពេលក្រោយ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ខាងលើនេះ កើតឡើងដោយសារតែរថយន្ដកាមរីឆ្លាម បើកបរមិនប្រកាន់ស្ដាំ ៕ យឹម សុថាន


ចែករំលែក៖