ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនជែងមិនផុតជ្រុលបុករបាំងថ្មពុះចែកទ្រូវផ្លូវអស់៤កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿនហើយ បានជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលបុលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៤កង់ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចច្រកចូលផ្សារព្រៃទា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោចចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តម៉ាកកាមរីបាឡែន ពណ៌ពាក់ស្លាកលេខ ភ្នំពេញ2Y 5361 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានព្យាយាមជែងរថយន្តមួយគ្រឿងទៀត ដែលបើកបរខាងមុខស្រាប់តែជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដែលជាកន្លែងកំពុងជួសជុលផ្លូវដោយដាក់របាំងថ្មមិនត្រង់ (ដូចអន្ទុង់អាំង) បណ្តាលឲ្យរងការខូចខាតអស់ចំនួន៤កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖