ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុករះរថយន្ត៣គ្រឿងដែលចតនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករថយន្តដែលចតនៅចញ្ចើមផ្លូវចំនួន៣គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណងល្អមិនបង្កឲ្យមនុស្សរងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តចំនួន៣គ្រឿងដែលចតនៅតាមចញ្ចើមផ្លូវ( មុខផ្ទះម្ចាស់រថយន្តរងគ្រោះ) ៖ ទី១ រថយន្តម៉ាក កាមរីគូទស្វិត ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2E-3632 , ទី២ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-6937 ,និងទី៣រថយន្តម៉ាក ឡង់គ្រឺស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-9877 ខណះនៅពេលកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពណ៌ស្លាកលេខ ភ្នំពេញ 2Q-6976 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ហើយស្រាប់តែរេចង្កូតមកបុករះរថយន្តទាំង៣គ្រឿងដែលចតនៅចញ្ចើមផ្លូវខាងលើ បណ្ដាលឲ្យរថយន្តរងគ្រោះទាំង៣គ្រឿងខាងលើរួមទាំងរថយន្តបង្កមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យអ្នកបើករថយន្តបង្ក និងប្រជាពលរដ្ឋណាម្នាក់រងរបួស ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តបង្កបានចេញពីកន្លែងកើតហេតុបាត់ ដោយឲ្យតំណាងមកដោះស្រាលជាមួយភាគីរងគ្រោះ ។ ដោយតំណាងរថយន្តបង្កបានចេញថ្លៃខូចខាតទៅលើរថយន្តរងគ្រោះម៉ាក កាមរីគូទស្វិត ចំនួន៥០$ បញ្ចប់រឿង ។ ប៉ុន្តែនៅរថយន្តគ្រោះចំនួន២គ្រឿង និងបង្គោលភ្លើងមួយដើមទៀត មិនទាន់ដោះស្រាយ ។ ចុងក្រោយសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ក្រុង បានធ្វើការវាស់យករថយន្តរងគ្រោះចំនួន២គ្រឿង និងរថយន្តបង្ក១គ្រឿង ទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖