ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រីជបុកជាមួយរថយន្តកាមរីបាឡែនរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តចំនួន២គ្រឿង បានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈបើកបរមិនបន្ថយល្បឿនពេលមកដល់ផ្លូវបំបែកជាបួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចវត្តលង្កា តាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌចំការមន រាជធានីភំ្នពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ 4670 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុជាផ្កូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីជ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN 9437 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាដោយមិនបន្ថយល្បឿនក៏ជ្រុលបុកចំពីចំហៀងនៃរថយន្តបាឡែនពេញទំហឹងបណ្តាលឲ្យរងការខូចខាតហើយរថយន្តបាឡែនបែកកង់ម្ខាងរេចង្កូតឡើងលើសួនច្បាររងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖