ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េចំណុះ១តោនកន្លះបើកបុកពីក្រោយអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុស ស្រី២នាក់ បានរងរបសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្ត ម៉ាកកូរ៉េ ពណ៌ខៀវ ចំណុះ១តោនកន្លះ បើកបុកពីក្រោយ ខណៈកំពុងជិះម៉ូតូស្របទិសគ្នាយ៉ាងពេញទំហឹងរួចបើកគេចចេញបាត់ស្រមោល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុសស្រីដែលរងរបួសមានឈ្មោះ ឡឹក រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រ៉ា រឿន ដារ៉ា អាយុ៣ឆ្នាំ ដោយអ្នកទាំង២ រស់នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR.0279 ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីឃើញសកម្មភាពមិនស្រួល បើករត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង ។ តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ចំណុះ១តោនកន្លះ មិនស្គាល់ស្លាកលេខ ធ្វើដំណើរជើងទៅត្បូង ស្រាប់តែទៅបុក និងម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR.0279 ជិះគ្នា២នាក់ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

បន្ទាប់ពីបង្កហេតុ ភ្លាតអ្នកបើករថយន្តបានបើកគេចខ្លួនបន្សល់តែជនរងគ្រោះ និងម៉ូតូ និងកន្លែងត្រូវបានអ្នកភូមិរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានបញ្ជួន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖