ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េឈប់លើចិញ្ចើមផ្លូវ ទាំងស្ថានភាពងងឹត ត្រូវម៉ូតូបុក ស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ បានជិះម៉ូតូចេញពីធ្វើការសំណង់បំណងទៅផ្ទះ ស្រាប់តែជ្រុលទៅបុក រថយន្តដែលចតលើចិញ្ចើមផ្លូវទាំងស្ថានភាពងងឹត បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តក្តីចាស់​ ក្នុងភូមិបាក់ខែង សង្កាត់ បាក់ខែង​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះ (សព) មានឈ្មោះ ញឹម ផន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់​ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ មានប្រពន្ធ និងកូនតូចមួយ ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ខៀវ​ ពាក់ស្លាក់លេខ ភ្នំពេញ 2Y.8042 ដឹកបន្លែធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៦អា​ ក្នុងទិសដៅពីកើត ទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ដោយមិនបានដាក់ សញ្ញា និងភ្លើងនោះទេ ថែមទាំងទីតាំងមានស្ថានភាពងងឹតទៀតផងនោះស្រាប់តែជនរងគ្រោះជិះម៉ូតូ ឌ្រីមសង់ ១២៥ ស៊េរី ២០១២ ពណ៌ខ្មៅ បិទពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BM.0973 មិនប្រយ័ត្នមើលមិនឃើញក៏បុក ចំកាងដែកខាងក្រោយ បណ្តាលឲ្យបាក់ក និងបាក់ដៃខាងឆ្វេងស្លាប់តែម្តង ។ តៃកុងរថយន្តមើលសភាពមិនស្រួលបានបើក រថយន្តចេញពីកន្លែងកើតហេតុបានប្រហែល៣០០ម៉ែត្រ ទៅ៤០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋ ឃាត់បានប្រគល់ឲ្យ សមត្ថកិច្ច ។

ក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះមកដល់ ចំណុចកើតហេតុ និងវាស់វែងយក រថយន្ត និងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ចំណែកសពប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖