ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកកៀរម៉ូតូស្កុបពីរងរបួសធ្ងន់ម្នាក់ បោកក្បាលវង្វេងបាត់ស្មារតី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រងរបួសដៃ ជើង និងបោកក្បាលវង្វេង បាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូ ត្រូវបានរថយន្តកូរ៉េបើកកៀរ ដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឃុត ខេមរិន្ទ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកតាអុងទី៣ ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល រងរបួសដៃជើង បែកមុខ ក្បាលវង្វេងបាត់ស្មារតី ។ ប្រភពបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AA-9607 ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ វ៉ារថយន្តខាងមុខ ស្រាប់តែ មានរថយន្ត កូរ៉េមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ឃ្លប់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4136 ដឹកក្រណាត់រោងចក្រ បើកពីត្បូងទៅជើងច្រាសទិសគ្នា មកដល់ល្មម ជ្រុលកៀរម៉ូតូដួលចូលរថយន្ត កិនបេកខ្ទេច ម៉ូតូ មួយកំណាត់មុខ អ្នកបើកបរដួលបោករងរបួសធ្នន់ វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ចំណែក មូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖