ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកបុកម៉ូតូវ៉េវនិងកិនបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនិង២នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូហើយត្រូរថយន្តកូរ៉េបើកលឿន បួងចង្កតឆ្លងផ្លូវក៏ជ្រុលបុក និងកិន​ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ​នៅចំណុចមុខរោងចក្រប៊ឺរី​ តាមអូឌឹមទំបន់កប់ស្រូវ​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះមុំ​ ឈឿន​ ភេទប្រុស​ អាយុជាង៤០ឆ្នាំ​ មុខរបរបើកបររថយន្ត​ ស្នាក់នៅភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក​វ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1Q 2288 បើកបរដោយបុរសម្នាក់ និងមានបុរស២នាក់ទៀត រួមដំណើរជាមួយ​ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខ កំពត​ 3A 0274 ដឹកសម្ភារក្មេងជិះ(កន្ត្រកវិល+សេះហោះ)​ធ្វើតំណើរបញ្ច្រាសទិសគ្នាហើយបានបួងចង្កូតបត់ឆ្វេង ក៏ជ្រុលបុកម៉ូតូ និងកិនតៃកុងម៉ូតូម្នាក់បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសស្រាល។

សាក្សីដដែលបានបន្តថា​ បន្ទាប់ពីរថយន្តបង្កបានបុករួច ក៏ព្យាយាមបើកគេចខ្លួនរហូតទៅដល់ដីឡូត៍មួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅ៣​ ដែលជាកន្លែងប្រគំតន្ត្រី និងក្មេងលេងទើបរថយន្តឈប់ ហើយម្ចាស់គេចខ្លួនបាត់ ខណៈដែលសមត្ថកិច្ចតាមទាន់ភ្លាមៗនោះ។

ក្រោយមកទៀត សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលចរាចរណ៍ជើងគោករាជធានី មកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សទុករង់ចាំដោះស្រាយពេលក្រោយ។​ រីឯសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សុខាសែនជ័យ


ចែករំលែក៖