ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនទេសចរណ៍ឡុង ភឿងជែងក្នុងសភាពគ្រោះថ្នាក់បុកម៉ូតូរបួស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ស្ត្រី២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នារងរបួសធ្ងន់ ស្រាល ខណៈកំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ១ ត្រូវរថយន្តទេសចរណ៍បើកបុក ក្នុងដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៤ និងលេខ១៥៥ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ស្ត្រីដែលរងរបួសមានឈ្មោះ ចាន់ សុផាន អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងបងស្រីឈ្មោះចាន់ សុផា អាយុ៤០ឆ្នាំ មុខរបរកម្មការិនី ដោយអ្នកទាំង២ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប រីឯម៉ូតូខូចខាតស្ទើរទាំងស្រុង ។

ចំណែកអ្នកបើករថយន្តដែលត្រូវឃាត់ខ្លួនមានឈ្មោះហ្វៀង ផាមឡាក អាយុ៤៧ឆ្នាំ មានទីលំនៅប្រទេសវៀតណាម ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ រថយន្តទេសចរណ៍១គ្រឿង ម៉ាក HYUNDAI ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 3C-5577 របស់ក្រុមហ៊ុនឡុង ភឿង(ខេមបូឌា)& អេស៊ា បើកបរពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកនឹងម៉ូតូមួយគ្រឿង ម៉ាក SUZUKI SMART ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1N-0436 ជិះគ្នា២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលត្រូវបានដឹកទៅព្យាបាលនៅមន្ទីរ ពេទ្យ ប្រទេសវៀតណាម ដោយឡែកអ្នករ បួស ស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។

ចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង។ រីឯវត្ថុតាងទាំង2គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនាំឲ្យមានករណីនេះកើតឡើង ដោយសារតែរថយន្តបើកក្នុងល្បឿនលឿនជែងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន


ចែករំលែក៖