ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់ក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋរបួស២នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាលៈ លោកយាយម្នាក់បានរងរបួសធ្ងន់ចំណែកអ្នកបើកបររថយន្តក៍រងរបួសធ្ងន់ផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកខ្សាច់បើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលអោយរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋហើយក្រឡាប់ចាក់ដីខ្សាច់ពេញមុខផ្ទះកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ពៅ ភ័ណ្ឌ ភេទស្រី អាយុ៨៦ឆ្នាំ ជាជនពិការអង្គុយតែលើរទេះរុញត្រូរថយន្តដឹកខ្សាច់ក្រឡាប់ចាក់ចោលដីខ្សាច់ទ្រេលទៅបុកលោកយាយពេលអង្គុយលើរទេះនៅមុខផ្ទះបណ្តាលអោយរងរបួសបែកក្បាល មានទីលំនៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះសឹង ថេវ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត ម៉ាងសេនធ័រ ពណ៍ខៀវ ចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ១៤០១ រងរបួសមធ្យមត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ។

លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តដឹកខ្សាច់បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញក្នុងល្បឿនលឿនមកដល់ចំនុចកើតហេតុស្រាប់តែអ្នកបើកបរបើកគេចពីរថយន្តកុងតឺន័រដែលបើកមកពីមុខទិសដៅផ្ទុយគ្នាបណ្តាលរេចង្កូតបុកចូលផ្ទះលោកយាយរងគ្រោះ ហើយក្រឡាប់ជះដីខ្សាច់ទៅសង្កត់លើលោកយាយ ដែលកំពុងអង្គុយរទេះរុញនៅមុខផ្ទះបណ្តាលអោយដួលបោកក្បាលតែម្តង ចំណែកអ្នកបើកបររថយន្តរងរបួសក្បាល ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបង្កបានព្យាយាមសម្របសម្រួលជាមួយម្ចាស់ផ្ទះតែមិនត្រូវគ្នាឡើយ បច្ចុប្បន្នរថយន្តសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស

ae (1) ae (2) ae (3)


ចែករំលែក៖