ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យក្មេងចាស់ប្រុសស្រី៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបើកលឿន ដូចហោះ ជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ក្មេង ចាស់ ប្រុស ស្រី៣នាក់ រងរបួសធ្ងន់ធ្ងរ ខណៈកំពុងតែជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅសាលារៀន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1Q – 5264 បានឌុបក្មេងប្រុសស្រីសិស្សសាលា២នាក់ទៅសាលារៀនក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាកត្រឡប់មកពីចាក់ដីវិញ បើកបរក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅពីជើងទៅត្បូងបានជ្រុលទៅបុកអ្នកជិះម៉ូតូទាំង៣នាក់ខាងលើយ៉ាងពេញ ទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង៣នាក់ ចំណែកអ្នកបើកបរបានបើករថយន្តគេចខ្លួនដោយសុវត្ថភាព។ នៅពេលនោះជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនតាមរថយន្តសាមុយមន្ទីរពេទ្យឯកជនសួគា៍រដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

ប្រជាពលរដ្ឋ ដែលរស់នៅភូមិកើតហេតុ សំណូមពរដល់អាជ្ញាខណ្ឌដង្កោមេត្តាជួយពិនិត្យមើលរថយន្តដឹកដីប្រៀប បានដូចជាក្បួនដង្ហែ បុណ្យកឋិនអញ្ចឹង បើកបរគ្មានគោរពច្បាប់ចរាចរណ៍គ្មានការទទួលខុសត្រូវពេលបង្កគ្រោះថ្នាក់ចរាចរណ៍អាងអីអាងបើកឡានរត់ឬក៍បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់

ប្រជាពលរដ្ឋបានសម្តែងនូវក្តីព្រួយបារម្ភចំពោះរថយន្តធំៗ ដឹកដីបើកបរគ្មានការប្រណីមេត្តា ដោយពួកគាត់ខ្លាចបំផុតចំពោះការធ្វើដំណើររបស់កូនចៅគាត់ដែលធ្វើដំណើរទៅសាលារៀនជាក់ស្តែងដូចជាករណីបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបុកហើយបើកឡានរត់បាត់អញ្ចឹង ៕ ភារ៉ា ដង្កោ


ចែករំលែក៖