ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបុកអ្នកជិះម៉ូតូស្លាប់នៅគល់ស្ពានព្រែកសំរោង

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរម៉ូតូរបស់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយដឹកទំនិញ ពណ៌ស១គ្រឿង កៀររួចកិនចំក្បាល កាលវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរង្វល់មូលគល់ស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ រថយន្តបង្កម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5571 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DD-3169 បើកបរដោយឈ្មោះ ង៉ុយ សុខង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្លាប់នៅកន្លែងកើតហេតុ ។

នគរបាលចរាចរខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងត្រឡប់មកពីទិញសម្លៀកបំពាក់នៅផ្សារតាខ្មៅ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកមកៀរម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួលចូលក្រោមរថយន្ត កិនធ្លាយខួរស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ រថយន្តបង្កបានបើកឆ្លងស្ពានព្រែកសំរោង ឆ្ពោះទៅក្រុងតាខ្មៅ ហើយអ្នកបើកបរបានទុករថយន្តចោលចម្ងាយពីគល់ស្ពានព្រែកសំរោងត្រើយខាងលិច ក្រុងតាខ្មៅ ប្រហែល៣០ម៉ែត្រ រួចរត់គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយនៅពេលក្រោយ ៕សណ្តោស


ចែករំលែក៖