ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញសំពីងសំពោងផ្ទុកលើសចំណុះចំនួន២០គ្រឿងត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់បញ្ជូនទៅស្នងការ

ចែករំលែក៖

ភ្នំពេញ៖ កាលពីម៉ោង២១ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ រថយន្តដឹកទំនិញសំពីងសំពោង ផ្ទុកលើសចំណុះចំនួន២០គ្រឿង ត្រូវកម្លាំងសមត្ថកិច្ច ចម្រុះរបស់ខណ្ឌសែនសុខ បានសហការគ្នាបង្ក្រាប រួចបញ្ជួនទៅស្នងការតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាកាលពីពេលថ្មីៗកន្លងទៅនេះ ។

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការដ្ឋានខណ្ឌសែនសុខ បានមានប្រសាសន៍ថា ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការរាជធានីភ្នំពេញ ណែនាំឲ្យកងកម្លាំងនគរបាលខណ្ឌសែនសុខចុះឃាត់រថយន្តធុនធំៗ ដែលមានផ្ទុកអីវ៉ាន់(ទំនិញ)សំពីងសំពោង ធ្ងន់លើសចំណុះ ដែលបើកបរឆ្លងកាត់តាមផ្លូវនានា នៅក្នុងមូលដ្ឋាន ជាពិសេស នៅចំណុចផ្លូវហាយណូយ និងផ្លូវឧកញ៉ា ម៉ុងឫទ្ឋី។

លោក ម៉ក់ ហុង បានពន្យល់ថា រថយន្តល្មើសច្បាប់ទាំងនោះ ជារឿយៗវាតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ និងអាចធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវសាធារណៈក្នុងរាជធានី និងអាចបង្កឲ្យមានការខូចខាតបាក់ស្រុតផ្លូវថែមទៀតផងដែរ ។

លោកបានបន្តថា រថយន្តទាំង២០គ្រឿងខាងលើ គឺត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំហើយក៏នឹងផាកពិន័យ ដើម្បីឲ្យអ្នកបើកបររាងចាល និងឈប់ដឹកទំនិញដាក់ផ្ទុកហួសចំណុះ ដោយបំពានច្បាប់បន្តទៀតចាប់ពីពេលនេះទៅ ។

មតិមហាជនភាគច្រើសំណូមពរឲ្យលោកឧត្តមសេនីយ៍ស្នងការ សូមអនុវត្តបញ្ជានេះរហូតទៅ កុំតាមកំហឹងចិត្តចង់របស់អស់លោកអ្នកធំៗតែមួយប្រ៉ាវអី ហើយក៏បណ្តោយឲ្យកកស្ទះចរាចរដដែល ។

ចំណែកមន្ត្រីប៉ូលិសចរាចរណ៍ថ្នាក់ក្រោមរបស់លោក ដែលតែងតែចុះមកដាក់កុងត្រូលចល័តតាមដងផ្លូវនានាវិញ បើមើលតាមរូបភាពគួរឲ្យខ្លាច មានទាំងឡានសឺរ៉ែន ម៉ូតូប្រដេញ ឆែកឆេរយានយន្តលើកយកហេតុផលច្បាប់មកឲ្យអ្នកបើកបរល្មើសច្បាប់ស្តាប់ តែទីបំផុតនៅតែទទួលលុយសំណូកក្រៅវិក័យប័ត្ររាល់ថ្ងៃ គ្រប់កន្លែងទាំងអស់ អីចឹងហើយ ទើបបានជាមានរថយន្តល្មើសច្បាប់បើកបរពេញប្រទេស ហើយចេះតែនាំគ្នាឆ្ងល់ថា បង្ក្រាបមិនចេះអស់នោះ ៕ តុង សីហា

ae (1) ae (2)


ចែករំលែក៖