ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុន SAVIMEX ដាច់ហ្រ្វាំងបុករះរថយន្ត២គ្រឿងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយក្នុងចំណោមមួយពាន់គ្រោះថ្នាក់ បន្ទាប់ពីរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុន SAVIMEX មួយគ្រឿង បើកចូលក្នុងរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃ ទៅកៀរ និងបុករថយន្ត២គ្រឿងខូចខាតយ៉ាងដំណំ ខណ:​ដែលកំពុងតែបើកបរតាមផ្លូវ ហើយដាច់ហ្រ្វាំងជាន់មិនជាប់ ប៉ុន្តែសំណាងល្អមិនបានបង្កឲ្យមានការផ្ទុះឬឆាបឆេះនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង ៣០នាទីរសៀលថ្ងៃ​អង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលេខ៦៣ កែងនិងផ្លូវលេខ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុន SAVIMEX មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3B-7105 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែអ្នកបើកបរបានជាន់ហ្វ្រាំងតែជាន់មិនស៊ី ក៏រេចង្កូតទៅកៀររថយន្តVisto ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ2AP-3990 មួយគ្រឿងជាប់ទៅនឹងចិញ្ចើផ្លូវ និង បន្តទៅបុករថយន្តស៊េរីទំនើបម៉ាក Ford ព៌ណប្រផេះ ពាក់​ស្លាកលេខ ភ្នំពេញ2AL-4978 មួយគ្រឿងទៀតបណ្តាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែពលរដ្ឋថាសំណាងល្អមិនបានបណ្តាលឲ្យមានការផ្ទុះឬឆាបឆេះ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តបង្កដែលដឹកប្រេងឥន្ទនៈ យល់ព្រមយករថយន្តទាំង២គ្រឿងដែលខូចខាត យកទៅធ្វើការជួសជុលឲ្យ ដើម្បីបញ្ចប់រឿងតែម្តង ៕ស តារា


ចែករំលែក៖