ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអុសក្រឡាប់ សង្កត់លើព្រូឡានម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកអុសក្រឡាប់ សង្កត់លើព្រូឡានម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់ទៀតរបួសស្រាល ខណអ្នកបើកបររថយន្តងោកមួយភាំង ក៏ជ្រុលរេចង្កូតទៅបុករះបង្គោលឡាក់បាក់ជាច្រើនកង់ ហើយរថយន្តក្រឡាប់ផ្ងារជើងចាក់អុសពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង​១១និង៥០នាទីយប់ថ្ងៃច័ន្ទ ៩រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងព្រូរថយន្ត២នាក់ បើករថយន្តដឹកអុសមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-8834 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈកំពុងតែបើកបរស្រាប់តែអ្នកបើកងោកមួយភាំង ក៏ជ្រុលរេចង្កូតទៅបុករះបង្គោលឡាក់ បាក់ជាច្រើន​កង់ ហើយរថយន្តក្រឡាប់ផ្ងារជើងម្ខាងតែម្តង ។ ក្នុងហេតុការណ៍នោះបានបង្កឲ្យបុរសម្នាក់ជាព្រូរថយន្តដែលជិះខាងលើត្រូវអុសសង្កត់ស្លាប់ភ្លាមៗ និង២នាក់រងរបួសស្រាល ។ ចំណែកឯសពត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្បតាមប្រពៃណី ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំថៅកែរថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖