ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបុករថយន្តCRVរួចបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាក កូរ៉េ មួយគ្រឿង ​ដឹកឥដ្ឋ បុករថយន្តCRV រួចក៏រេចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យរងការខូចខាត២កង់។ ​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយមហាវីថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក កូរ៉េ ពណ៌ស ដឹកឥដ្ឋ ដែលមានពាក់ស្លាកលេខ ភ្នំពេញ3A- 1264 ធ្វើដំណើរតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមកបុកពីក្រោយរថយន្តCRV ពាក់ស្លាកលេខ ភ្នំពេញ2C- 1349 ហើយរថយន្តដឹក ឥដ្ឋ ក៏រេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មរងការខូចខាត២កង់ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានបើករថយន្តទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តបង្ក ខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖