ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់វៀចអស់២កង់ ឯរថយន្តដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើករថយន្តទំនើបម៉ាកTOYOTA Rush មួយគ្រឿង លឿនជ្រុលបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ និងវៀច១កង់ ចំណែករថយន្តដាច់កាឡេ ទៅមុខលែងរួច កាលវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ រួមនិងនារីម្នាក់ទៀតសង្ស័យជាម្ដាយនិងកូន បានបើករថយន្តបង្កម៉ាកTOYOTA Rush ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-0345 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ និងវៀច១កង់ ឯរថយន្តបង្កបានខ្ទៀតពីទ្រូងផ្លូវប្រហែល២០ម៉ែត្រ បានដាច់កាង និងឡេកង់មុខទៅមុខលេងរួច សំណាងមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ជើងគោកឲ្យមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖