ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកឥដ្ឋការ៉ូបើកលឿនជាន់ហ្វ្រាំងមិនទាន់បុករះឡាន និងឃ្លាំងអង្ករ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តដឹកការ៉ូខ្វះការប្រុងប្រយ័ត្នបានវាក់អើ ជាមួយរថយន្តឡិចស៊ីសនៅខាងមុខ​ ក៏ទាញចង្កូតគេចជ្រុលបុករថយន្តតូយ៉ូតាចតស្ងៀមហើយបន្តល្បឿនបុកចូលឃ្លាំង​លក់អង្ករកៀបជាប់​ កាលពីវេលាម៉ោង​ ២និង៤០​នាទី​ រសៀល ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវចំការដូង​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តធុនធំមួយគ្រឿង​ ដឹកឥដ្ឋការ៉ូ​ ធ្វើដំណើរតាមបណ្តោយផ្លូវចំការដូងទិសដៅពីរង្វង់ដីក្រហមឆ្ពោះឡើងមកស្ទឹងមានជ័យ​ ប៉ុន្តែពេលបើកលឿនមកដល់ចំណុចកើតហេតុដោយបានវ៉ាក់ជាមួយថយន្តឡិចនៅខាងមុខ​ ហើយជាន់ហ្រ្វាំងមិនទាន់ក៏សម្រេចទាញចង្កូតរថយន្តមកឆ្វេងស្តាំដៃបុករថយន្តតូយ៉ូតា​មួយគ្រឿង​ដែលចតចោលនៅលើចំណីផ្លូវចំការដូង ​ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកទម្លាយជញ្ជាំងឃ្លាំងលក់អង្ករ ចូលផ្ទុបនឹងទូ​ រួមទាំងបង្គោលសសរដែកកៀបជាប់នឹងបាវអង្ករទៅមុខលែងរួច តែមិនមានអ្នករងរបួស គ្រាន់តែខូចឡានពីរគ្រឿង​ សម្ភារមួយ​ចំនួន​ធំនៅក្នុងឃ្លាំងអង្ករ​តែប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញខណ្ឌដង្កោបានចុះមកដល់ចំណុចខាងលើ និងបានសម្របសម្រួលរវាងភាគីបង្ក នឹងខាងរងគ្រោះ​ ដោយម្ចាស់រថយន្តដឹកឥដ្ឋការ៉ូ​ សុំចេញសងថ្លៃខូចខាតក្នុងឃ្លាំងអង្ករ​ និង​ ថ្លៃជួលជុសរថយន្តតូយ៉ូតាមួយគ្រឿង ក៏បញ្ចប់រឿងមិនរំខានដល់សមត្ថកិច្ច ៕ ភារ៉ា ដង្កោ


ចែករំលែក៖