ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ បើកកៀរក្មេងអាយុ១១ឆ្នាំម្នាក់ ជាប់ជញ្ជាំងផ្ទះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានដើរតាមផ្លូវក្បែរជញ្ជាំង ផ្ទះស្រាប់តែមានរថយន្តធុនធំ បើកមកកៀរ និងគាបជាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ តែដោយអកុសល ក្មេងរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍​នេះបានកើតឡើងកាល ពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ក្មេងប្រុសរងគ្រោះ រហូតបាត់ជីវិត ឈ្មោះ ម៉េង យៀកឆាន់ អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ ឪពុកឈ្មោះ សួន ចន្ធី មុខរបរលក់ដូរ ម្តាយឈ្មោះ ហេង ផល្លា មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអូរ ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះរត់លេងតាមផ្លូវ ផ្ទះជួលខាងលើ ក្នុងសភាពតូចចង្អៀត លុះពេលដែលឃើញ រថយន្ត បង្កប្រភេទស្ទូច ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3D-6903 បើកពីត្បូងទៅជើង ក្មេងរងគ្រោះព្យាយាមគេច ឈរ ជាប់នឹងជញ្ជាំង ហើយរថយន្តនៅតែបន្តទៅមុខ តាមផ្លូវសភាពចង្អៀតខាងលើ ស្រាប់តែរថយន្តកៀរ គាបក្មេងខាងលើ ផ្ទប់នឹងជញ្ជាំងផ្ទះ បណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សី ជាអកុសលបានស្លាប់បាត់ទៅហើយ ។

សាកសពត្រូវបានដំកល់ទុកនៅមន្ទីរពេទ្យ រង់ចាំជំនាញចុះទៅពិនិត្យ រីឯរថយន្តបង្កវិញ ក្រោយកើតហេតុ ព្យាយាមបន្តដំណើរទៅមុខ ជិតដល់ប្រឡាយទួលពង្រ ត្រូវបានប្រជាពលរដ្ឋឃាត់ ទាំងរថយន្ត ទាំងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច ។

ករណីរថយន្តបង្កគ្រោះថ្នាក់ខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចវចុះទៅពិនិត្យជាក់ស្តែង រួចនាំយករថយន្តបង្ក និងអ្នកបើកបរទៅកាន់ ការិយាល័យចរាចរណ៍ជើង គោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖