ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីសាន់ចង្កូតស្តាំស៊េរីទំនើប១គ្រឿង គ្មានពន្ធ ពាក់ស្លាកលេខក្លែងបន្លំមន្ត្រីគយ និងរដ្ឋាករឃាត់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ មន្ត្រីគយ និងរដ្ឋាករបានឃាត់រថយន្តចង្កូតស្តាំស៊េរីទំនើប១គ្រឿងធុននីសាន់ស៊េរីឆ្នាំ២០១៦គ្មានពន្ធពាក់ស្លាកលេខក្លែងបន្លំឃាត់នៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨នៅក្រុងប៉ោយប៉ែត ។

លោក សាំង ណន អនុប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករដូចជាដាក់វិធានការពីលោក ឆែរ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់រថយន្តចង្កូតស្តាំ ដែលឈ្មួញលួចនាំចូលគេចពន្ធពីប្រទេសជិតខាងដោយល្មើសច្បាប់ ។

លោកបានបញ្ជាក់ថា៖ ក្រោយដាក់វិធានលោកបានដឹកនាំមន្ត្រីគយ និងរដ្ឋាករបានស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះស៊េរីឆ្នាំ២០១៦ ដែលពាក់ស្លាកលេខចង្កូតស្តាំKPC-2431 ដែលជាស្លាកលេខក្លែងបន្លំ ។ ដែលជាស្លាកលេខរថយន្តធុននីសាន់ពណ៌ប្រផេះស៊េរីឆ្នាំ២០០៥ ជារថយន្តដឹកទំនិញធុនតូច ដែលមានលេខម៉ាស៊ីនYDD25DDT លេខសាក់ស៊ីMNTNCGD40Z0600077កំលាំង21HP ។

លោក សាំង ណន បានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្ត១គ្រឿងធុននីសាន់ស៊េរីឆ្នាំ២០១៦គឺពាក់ស្លាក់លេខក្លែងបន្លំខុសច្បាប់ ដែលជារថយន្តចង្កូតស្តាំគេចពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ។

ម្ចាស់រថយន្តបានបញ្ជាក់នៅមុខសមត្តកិច្ចថា៖រថយន្តនេះគឺគាត់ទិញពីគេ ដែលមានស្លាកលេខរថយន្តចង្កូតស្តាំ និងកាតគ្រីរថយន្តដើម្បីទុកប្រើប្រាស់តែមិនបានដឹងថារថយន្តនេះខុសច្បាប់នោះទេបើមន្ត្រីជំនាញឃាត់ហើយពិនិត្យឃើញថារថយន្តខុសច្បាប់លោកក៍មិនជជែកដែរ ព្រោះរថយន្តនេះត្រូវបានទិញក្នុងស្រុកពីឈ្មួញមិនបានទិញតាមព្រំដែននោះទេ ។

គួររំលឹកថា៖រយៈពេល១សប្តាហ៍នេះលោក សាំង ណន អនុប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញបង្ក្រាបរថយន្តចង្កូតស្តាំបានចំនួន២គ្រឿងហើយកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨កន្លងទៅឃាត់រថយន្តរថយន្តចង្កូតស្តាំ១គ្រឿងម៉ាក់ហ្វូតរែងជ័រស៊េរីទំនើប ដែលពាក់ស្លាក់លេខ(ន.ប 2.6088)នៅក្រុងប៉ោយប៉ែត និងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះស៊េរីឆ្នាំ២០១៦ ដែលពាក់ស្លាក់ចង្កូតស្តាំKPC-2431 ដែលជាស្លាក់ក្លែងបន្លំត្រូវបានអនុវត្តតាមច្បាប់៕ វណ្ណា


ចែករំលែក៖