ព័ត៌មានទាន់ហេតុការណ៍៖

ដេកលើអង្រឹងក្រោមម្លប់ឈើមុខផ្ទះទៅហើយ នៅមានរថយន្តតាមទៅបុករហូតស្លាប់ទៀត

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ ស្រ្តីម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងខណៈកំពុងដេកលើអង្រឹងក្រោមម្លប់ឈើមុខផ្ទះ ត្រូវបានរថយន្តនីសាន់សណ្តោងរ៉ឺម៉កដឹកទឹកសុទ្ធ រេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុក។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

លោកអនុសេនីយ៍ឯក ផន ជាង នាយផ្នែកចរាចណ៍ស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ ជាប្រភេទរថយន្តនីសាន់ ព៌ណស អត់ស្លាកលេខ សណ្តោងរ៉ឺម៉កពីក្រោយដឹកទឹកសុទ្ធលក់ អ្នកបើកបរឈ្មោះ អូន មករា ភេទប្រុស អាយុ១៩ឆ្នាំ មានទិលំនៅភូមិ-ឃុំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំណែកស្ត្រីរងគ្រោះឈ្មោះ សុន ម៉ៅ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ។

បើតាមអ្នកឃើញហេតុកាណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានបើកតាមផ្លូវជាតិដឹកទឹកសុទ្ធលក់ធម្មតា លុះដល់កន្លែងកើតហេតុ ដោយផ្លូវមានសភាពទឹករលកហើយរថយន្តបើកលឿនផង បណ្តាលឲ្យរថយន្តហើបកង់មុខ ហើយធ្លាក់មកវិញ ក៏បានរេចង្កូតធ្លាក់ប្រឡាយ និងបន្តជ្រុលទៅបុកជនរងគ្រោះដែលកំពុងដេកក្នុងអង្រឹងក្រោមម្លប់ឈើមុខផ្ទះបណ្តាលឲ្យរបួសធ្ងន់ ចំណែករថយន្ត និងរ៉ឺម៉កបានក្រឡាប់ផ្ងារជើង ។

ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែកស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និងបានស្លាប់នៅទីនោះតែម្តង ។

បន្ទាប់ពីរវាស់វែងរួច សមត្ថកិច្ចបានយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖