ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ឆ្វេងមិនប្រយត្ន័បុកអ្នកជិះម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាសន្តិសុខកាស៊ីណូម្នាក់បានរងរបួសធ្ងន់ធ្ងរបែកក្បាល ហូរឈាមជោកពេញផ្ទៃមុខបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បន្ទាប់ពីត្រូវរថយន្តឡិចស៊ីសបត់ឆ្វេងមិនប្រយត្ន័ ក៏បុក និងម៉ូតូមួយគ្រឿងបើកស្របទិសគ្នាកាលពី ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង៣៥នាទីព្រឹក នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦ លេខ១៦៧ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងចំណែកអ្នកបើករថយន្តរត់គេចខ្លួន។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា រថយន្តបង្កហេតុម៉ាកLEXLiS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AQ.7961 បើកបរត្រូវបានគេស្គាល់ឈ្មោះ កែវ ភក្តី ភេទ ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តតាក់ស៊ីមានទីលំនៅភូមិឫស្សីជួរឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀង ខណៈរត់គេចខ្លួន។

ចំណែកជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VISION ពណ៌ខៀវ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ អ៊ុត សារ៉ា អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខកាស៊ីណូ មានទីលំនៅភូមិវាល ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគឺមាន រថយន្តបង្កហេតុម៉ាក LEXLiS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AQ.7961 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ខណៈនោះស្រាប់តែឃើញរថយន្តបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ក៏មានម៉ូតូមួយគ្រឿងម៉ាកVISION ពណ៌ខៀវស្លាកលេខគ្មាន ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលនឹងថ្នល់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួល ក៏ស្ទុះចេញពីក្នុងរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរងរបួសធ្ងន់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម ចំណែកវត្ថតាងទាំង២គ្រឿងសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ:អ្នកបើកបររថយន្តបាត់ឆ្វេងខ្វះការប្រុងប្រយត្ន័ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍នេះ ៕ យឹម សុថាន


ចែករំលែក៖