ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបុកម៉ូតូបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្សពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯ ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែន បុកម៉ូតូកាលពីវេលាម៉ោង១៨និង១០ នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវប្រសព្វ លើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ ៦៨ថ្មី ត្រង់ចំនុចកែងអក្សរតេ (T)ស្ថិតក្នុងភូមិ កំពង់ថ្កូវ២ ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ត និង ម៉ូតូបើកបរ ក្នុងស្របទិសគ្នា កើត ទៅលិច មកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរក្នុងរថយន្តបានស្លាប់ ចំណែកអ្នកបើកបររថយន្ដ​រងរបួសធ្ងន់។

លោក វរសេនីយទោ ជី បេងជន អធិការស្រុកក្រឡាញ់បានប្រាប់ថា ជនរងគ្រោះ ដែលបើកបរម៉ូតូឈ្មោះ កែវ សុខុម ភេទ ប្រុស អាយុ៦១ឆ្នាំ មុខរបរ (ប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់) មានទីលំនៅ ភូមិ​ កំពង់ថ្កូវ១ ឃុំ កំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្តសៀមរាប​ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-4939 (ស្លាប់) ។ ​

ចំណែកអ្នកបើកបររថយន្ត ឈ្មោះ​ ឡាយ ចិត្រា ភេទ​​ ប្រុស អាយុ ៣៣ឆ្នាំ (របួសធ្ងន់)បាន បើកបររថយន្ដ​ កាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ 2AA-6782 និង អ្នករួមដំណើរឈ្មោះ ឈួង វ៉ាន់ស៊ី ភេទ ប្រុស អាយុ ៤៦ឆ្នាំ (ស្លាប់)ទាំង២នាក់ រស់នៅភូមិ ភ្នំលៀបខាងលិច ឃុំ ភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។

បន្ទាប់ពីរថយន្តបង្កបុកម៉ូតូរួចរេចង្កូតធ្លាក់ក្បាលចូលទៅក្នុងទឹកតែម្ដង ក្រោយពេលកើតហេតុ ​សមត្ថកិច្ច បានជួយសង្គ្រោះ អ្នកបើកបររថយន្ដរួចបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកក្រឡាញ់ និងធ្វើកំណត់ហេតុ រួចអូស​រថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការ​នគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖