ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបុករះម៉ូតូ-ឡានច្រើនគ្រឿង និងមនុស្សប្រុសស្រីបីនាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្រវឹងស្រាធ្លាក់ភ្នែក ហើយបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករះម៉ូតូពីរគ្រឿង និងដើមឈើក្បែរគ្នា ព្រមទាំងរថយន្តពីរគ្រឿងទៀតកំពុងចតលើចិញ្ចើមផ្លូវ បណ្ដាលរងការខូចខាត និងប្រុសស្រី៣នាក់រងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវមុនីវង្ស កែង និងផ្លូវលេខ១៨០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ.2AT – 3982 បានធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កួតទៅបុករះម៉ូតូពីរគ្រឿងដែលជិះបញ្ច្រាសទិសគ្នា ទិសដៅពីជើងទៅត្បូង ហើយក៏បុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់បីនាក់ និងត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្តោះ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះដែររថយន្តបង្កមិនទាន់អស់ល្បឿង និងបានហោះទៅបុកដើមឈើបាក់មួយដើម និងរថយន្តពីរគ្រឿងទៀតមានរថយន្តលុចស៊ីសRX300 និងកាមរីបាឡែនដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំហើយរថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់ត្រូវប្រជាពរដ្ឋ និងសមត្ថកិច្ចដេញរហូតដល់ចំណុចក្រោយផ្សារស៊ីធីម៉លទើបឃាត់រថយន្តបាន ព្រមទាំងម្ចាស់ផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែង យករថយន្តបង្ក និងអ្នកបើកបរ ព្រមទាំងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖