ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូហោះធ្លាក់ចូលទឹកប្រឡាយ ម៉ូតូខ្ទេចដាច់២កំណាត់ មនុស្សរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុតខណះរថយន្តបុកជាមួយម៉ូតូបញ្ច្រាសគ្នាពេញទំហឹង ធ្លាក់ចូលប្រឡាយទឹក ចំណែកម៉ូតូដាច់ជា២កំណាត់ ខ្ទេចដូចអេតចាយ ខូចខាតទាំងស្រុង រីឯមនុស្សរងរបួសធ្ងន់៣នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ និងដឹកមកកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២និង១៥នាទីរសៀល ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូមានឈ្មោះ យ៉េត ស្រីពេជ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស និងអ្នករួមដំណើរឈ្មោះ វិន វត្តី ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស អ្នកទាំង២ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ចំណែកម៉ូតូម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ វាយរៀង ១k ០៥៤៧ខូចខាតទាំងស្រុង ។

ប្រភពបន្តថា ចំពោះអ្នកបើករថយន្ត ដែលរងរបួសធ្ងន់ មានឈ្មោះឆក សុផល អាយុ ៥០ឆ្នាំ មុខរបរកសិកររស់នៅ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Camery ឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២H.៤០៧៤ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុក និងនារី២នាក់ ដែលជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះបាញ់បណ្ដាលឲ្យរងយន្តហោះ ខ្ទាតធ្លាក់ចូលទឹកប្រឡាយ ចំណែកមនុស្សរងរបួសធ្ងន់៣នាក់។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែង និងបញ្ជូនអ្នករងរបួសមកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត និងអូសយកមធ្យោបាយធ្វើដំណើរទាំងរថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖