ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុករបងផ្ទះប្រជាពលរដ្ឋពេញស្លាប់អ្នកបើកបរម្នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ដោយជិះ រថយន្តទៅបុករបងផ្ទះប្រជាពលរដ្ឋ កាលពីល្ងាចថ្ងៃ អាទិត្យ ៦កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូលេខ៣១៣ស្ថិតក្នុងភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

មន្រ្តីនគរបាលស្រុកបាភ្នំបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត មួយគ្រឿងម៉ាកហ្វរេនន័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2C 9772 បើកក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុករបងផ្ទះរបស់ឈ្មោះ យ៉ាន់ ដូមីនីកា ភេទ ស្រី អាយុ២៨ឆ្នាំ ភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ប៉ុន្តែបាក់របងថ្មខ្ទេច ក្នុងនោះអ្នកជិៈក្នុងរថយន្ត៣នាក់បានស្លាប់និងរបួស ចំណែករថយន្ដខូចខាតទាំងស្រុង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះ ស៉ឺង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកបាឡាត់ ប្រទេសវៀតណាម ជាអ្នកបើកបរ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកបាភ្នំ។រីឯអ្នករួមដំណើរ២នាក់ទី១ឈ្មោះ យ៉ាវ ស៊ីនួន ភេទប្រុស អាយុ៤៨ឆ្នាំកាន់អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ រស់នៅភូមិលេខ ២សង្កាត់ លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របួសធ្ងន់និង ទី២ជនជាតិវៀតណាមជាបុរសអតស្គាល់ឈ្មោះ។ អ្នកទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ ចំពោះមូលហេតុដែលបណ្ដាលឲ្យរថយន្តបុករបងប្រជាពលរដ្ឋបែបនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ នៅឡើយនោះទេ ដោយកំពុងស្រាវជ្រាវ ៕ សហការី


ចែករំលែក៖