ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកលោកតាជិះកង់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតាអាយុ៧១ឆ្នាំម្នាក់បានស្លាប់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកាម៉ារី ពណ៌ សំបកឪឡឹក មិនស្គាល់ស្លាកលេខ បើកបុកពីក្រោយយ៉ាងពេញទំហឹង ខណៈកំពុងជិះកង់ស្របទិសគ្នាកាលពីថ្ងៃ អាទិត្យ ០១ កើត ខែ ទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង៥:២០ នាទីព្រឹក លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១២៦ និង១២៧ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា លោកតាដែលស្លាប់មានឈ្មោះចាន់ យិញ អាយុ៧១ឆ្នាំ មុខរបរ កសិកររស់ រស់នៅភូមិ តាណរ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ចំណែកកង់ខូចខាតទាំងស្រុង ។

ចំណែករថយន្តបង្កហេតុម៉ាកកាមម៉ារី ពណ៌ សំបកឪឡឹក មិនចាំស្លាកលេខ អ្នកបើកបរមិនត្រវបានស្គាល់អត្តសញ្ញាណបន្ទាប់់ពីឃើញសភាពមិនស្រួលបើករថយន្តគេចចេញទៅទិសខាងកើតបាត់ស្រមោល ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានលោកតាម្នាក់កំពុងជិះកង់ពីលិចទៅកើត លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៦ និង១២៧ ខណៈនោះស្រាប់តែមានរថយន្តកាម៉ារីមួយគ្រឿងធ្វើដំណើរស្របទិសគ្នា បុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យលោកតាខ្ទាតធ្លាក់វាលស្រែស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរស្រែកឲ្យម្ចាស់រថយន្តឈប់ ប៉ុន្តែដោយឃើញសភាពការណ៍មិនស្រួល បើកគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើកំណត់ហេតុ និងប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖