ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបរដោយជនជាតិថៃ​បុកម៉ូតូ​ស្លាប់កុមារខ្មែរ២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដបុកក្មេងស្លាប់យ៉ាងអាណោចអាធម្ម កាលពីវេលាម៉ោង៦និង២៦នាទីព្រឹក ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូបើកបរបត់ឆ្វេង ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បណ្តាលឲ្យស្លាប់ក្មេងប្រុស២នាក់នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្តថា ម្នាស់រថយន្ដ ឈ្មោះ ផន ថេប ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបាងកក សង្កាត់បាងកក ក្រុងថេប ប្រទេសថៃ បានបើក រថយន្តម៉ាក ISUZU ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV.7563 បើកបរផ្លូវត្រង់ទិសដៅពីកើតទៅលិច អ្នករួមដំណើរជាមួយចំនួន២នាក់ ឈ្មោះ ឆាន ណាកាន ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិ សង្កាត់ ជាមួយអ្នកបើកបររថយន្ត និងឈ្មោះ ម៉ុន ឈន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិធ្នុង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ចំណែកក្មេងបើកម៉ូតូ ឈ្មោះ ចាន់ យុត្តិការ ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព បានបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1C.3009 បើកបរទិសដៅពីកើតទៅលិច ហើយបត់ឆ្វេង អ្នករួមដំណើរឈ្មោះ ធួក ឌុល ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិ ឃុំជាអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបត់ឆ្វេងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿនបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យវសាច់ញាតិក្រុមគ្រួសារ និងបញ្ចូនជនបង្ក នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីសួរនាំ និងដោះស្រាយតាមច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖