ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកម៉ូតូរបួសធ្ងន់២នាក់សមត្ថកិច្ចមិនទាន់វាស់វែងផងស្រាប់តែមានបុរសម្នាក់ទៀតបុកពីក្រោយថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាមេឃកំពុងភ្លៀងហើយត្រូវរថយន្តតាកូម៉ាបើក បុកពេញទំហឹង កាលពីវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយមកស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមកបុកពីក្រោយថែមទៀតរងរបួសស្រាល ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដា ឌ្រឹមសង់ ស៊េរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1D 5507 បើកបរដោយបុរសម្នាក់ និងមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសដៅចរាចរណ៍ ទាំងមេឃកំពុងភ្លៀង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2U 4668 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំង២នាក់ ។

សាក្សីដដែលបានបន្តថា ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងសម្រួលចរាចរណ៍ បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកPCX មកបុកពីក្រោយរថយន្តបណ្តាលឲ្យរងរបួសស្រាលថែមទៀត ។

ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយបន្ត៕ សុខាសែនជ័យ


ចែករំលែក៖