ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសមួយគ្រឿងបើកលឿនបុកក្បាលនាគចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញៈ រថយន្តព្រូសមួយគ្រឿងបានក្រឡាប់ផ្ងារជើងកង់ទាំង៤ទ្រមេឃ តែសំណាងល្អអ្នកជិះក្នុងរថយន្តរបួសស្រាលដោយសារបើកលឿនពេក ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចចេញ១ផ្ទាំង ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខក្រុមហ៊ុនបំពង់ទីបជ័រ ខេអេសភី ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-2563 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ។លុះ មកដល់ចំណុចកើតហេតុមិនដឹងរឿងអីរថយន្តនេះ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបូតចេញកង់ពី រថយន្ត ចំណែករថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើតែ សំណាងល្អម្ចាស់ជាអ្នកបើកបររងរបួសស្រាល។

សាក្សីបានឲ្យដឹងទៀតថា បន្តាប់មកគេឃើញម្ចាស់រថយន្តបង្ក និងមិត្តភក្តិបានឡើងជិះម៉ូតូរ៉ឺម៉កគេចខ្លួនបាត់ស្រមោលដោយ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវមនុស្សចោមរោមមើលហួសចិត្តគ្រប់ៗគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖