ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ​​ Honda បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨​ វេលា​ម៉ោង​ ១៤និង ៣០នាទី​ មានគ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង​​នៅ​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​ ១៨៨​. ១៨៩​ លើដងផ្លូវជាតិលេខ៤ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូ​មួយគ្រឿងម៉ាក​ Honda សេ១២៥ សេរី​ ២០១៤ ពណ៌ខ្មៅ លេខកំពត ១H ៦៨០២ ទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ជិះគ្នាពីរនាក់​ និងរថយន្ត​ មួយគ្រឿងមិនស្គាល់ម៉ាក (ក្រោយកើតហេតុ រថយន្តនោះមិនឈប់នៅកន្លែងកើតហេតុទេ) ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យភាគីខាងម៉ូតូ ១/ឈ្មោះ ប៉ែន ណូ ភេទប្រុស អាយុ១៩ មានទីលំនៅភូមិ អណ្តូងថ្ម/ឃុំ អណ្តូងថ្ម ស្រុកព្រៃនប់ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ២/ឈ្មោះ លី ដារ៉ូ ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅដូចគ្នាជាអ្នករួមដំណើរពីក្រោយ ស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសបញ្ជូនទៅព្យាបាលគ្លីនិកឯកជនវាលរេញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖