ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកកង់ជិះឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តមិនស្គាល់ម៉ាកបើកយ៉ាងលឿនបោះពួយបុកកង់កំពុងជិះកង់ឆ្លងផ្លូវ បណ្តាល​ឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១៨ និង៥៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០​១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត​នោះឈ្មោះ ម៉ង់ ចំរើន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។ ចំណែកឯរថយន្តមិនស្គាល់ម៉ាក ក្រោយពីបុកកង់ឆ្លងផ្លូវបណ្តាល​ឲ្យមានមនុស្សស្លាប់បានបើកគេចទៅទិសខាងជើងបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះរូបនេះ​ជិះកង់មួយគ្រឿងឆ្លងផ្លូវជាតិលេខ៦ពីលិចទៅកើត ខណៈនោះក៏ស្រាប់តែមានរថយន្តមិន​ស្គាល់ម៉ាកបើកមកពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង បុកត្រូវចំកង់ជនរងគ្រោះពេញមួយ​ទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់​ជិវិតយ៉ាងអណោចអធ័ម ។

ក្រោយពីមានហេតុការណ៍កើយឡើង រថយន្តបានបើកគេចទៅទិសខាងជើងបាត់​ស្រមោល ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក​មុខកំពូលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖