ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូពីក្រោយ ស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងរថយន្តប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័បុកម៉ូតូពីក្រោយ ស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ និង២០នាទីព្រឹក នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៨ និង១៥៩ស្ថិតក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឌឿ ឡូត អាយុ៣៩ ឆ្នាំ រស់នៅភូមិពង់ស្នែ ឃុំបាធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ខណៈជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់លេខ ព្រៃវែង ១Q-៤៦៨៤ ខូចខាតយ៉ាងដំំណំ ។

ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយបង្កហេតុ បានបើករថយន្តគេចខ្លួនភ្លាមៗ បន្សល់តែជនរងគ្រោះ និងម៉ូតូនៅកន្លែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូ ធ្វើដំណើរពីលិចទៅកើត លើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៨ និង១៥៩ ខណៈនោះ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងអ្នកបើកមិនស្គាល់អត្តសញ្ញាណ បានបើកបរពីលិចទៅកើត ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ លុះបើកបរមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកប៉ះ និងម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់នៅ នឹងកន្លែងកើតហេតុ ។ បន្ទាប់ពីឃើញសភាពការណ៍មិនស្រួល ក៏បើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូខូច មករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងទៅតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖