ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកទ្រូងផ្លូវនិងបន្តទៅបុករថយន្តចតនៅលើចិញ្ចើមផ្លូវបន្ថែមទៀតខណៈមេឃកំពុងភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេលមេឃកំពុងភ្លៀង ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវរងការខូចខាតបន្ថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជាង១០យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេ២៨៩ ចំណុចស្តុបផ្សារ៧មករា ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខភ្នំពេញ 2AW-4738 ធ្វើដំណើរតាមបណ្ដោយផ្លូវលេ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចអស់មួយកង់ ។ ចំណែករថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកលិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-6830 កំពុងឈប់នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតក្រពឹត និងបែកកង់ ។ ចំណែកឯរថយន្តបង្កដាច់ក្រឡេកង់ខាងមុខទៅលែងរួច តែមិនមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះវាស់វែងស្ទូចយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖