ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នារបួសធ្ងន់ម្នាក់ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាមរីបាឡែនបោះពួយបុកម៉ូតូ វ៉េវអុី ខណៈធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីរសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៦.១៩៧ ស្ថិតក្នុង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាក តូយូតាកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំក្រវាញ 2AM 7124 ឈ្មោះ អៀ មករារ៉ូឡែន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក វ៉េវអុី ពណ៌ខ្មៅ គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា(កើតទៅលិច) បណ្ដាលឲ្យភាគីខាងម៉ូតូសន្លប់ស្ដូករបួសធ្ងន់។

ប្រភពព័ត៌មានខាងលើបន្តថា ខាងភាគីម៉ូតូរបួស(ធ្ងន់)ឈ្មោះ ប៉ែន ផុន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះអណ្ដែត ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមៗនោះ ជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកជាបណ្ណោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖