ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់​និងរបួស៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនរងគ្រោះម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ករណីគោយន្តកន្រ្តៃត្រូវរថយន្តបើកបុកពីក្រោយនៅលើបណ្តោយផ្លូវជាតិកាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ១៤៨.១៤៩ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្ត ១គ្រឿងម៉ាក ឆុនរ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 9877 (អ្នកបើកបររថយន្តរត់គេចខ្លួន)ទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកគោយន្តកន្រ្តៃពីក្រោយ បណ្ដាលឲ្យខាងភាគីគោយន្តកន្រ្តៃរងគ្រោះស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។ ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ចូលស្នាមភ្លោះនៅចិញ្ចើមផ្លូវ។

ប្រភពបន្តថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំពោះវត្ថុតាងសមត្ថកិច្ចយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ។

សមត្ថកិច្ចថា ករណីនេះ ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់២នាក់។ រីឯរថយន្ត១គ្រឿង និងគោយន្តកន្រ្តៃ១គ្រឿងរងការខូចខាតផងដែរ ៕ ប៉ឹម ពិន

 


ចែករំលែក៖