ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយបាំងកន្លះបុករះម៉ូតូ៣គ្រឿងឈប់ចតនៅខាងមុខផ្ទះ និងបណ្តាលឲ្យនារីម្នាក់អង្គុយលេងលើម៉ូតូរងរបួស

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជសស្រវឹងស្រាបើករថយន្តមួយបាំងកន្លះមួយគ្រឿង បុករះម៉ូតូ៣គ្រឿង ឈប់ចតនៅខាងមុខផ្ទះ និងបណ្តាលឲ្យនារីម្នាក់អង្គុយលេងលើម៉ូតូរងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៨យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២១៩ កែងនិងផ្លូវលេខ២១២ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកបររថយន្តមួយគ្រឿងម៉ាក NISSAN FRONTIER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2625 បើកតាមបណ្ដោយផ្លូវលេ២១៩ក្នុង ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្ត បានបត់ឆ្វេងទៅផ្លូវលេខ២១២ ជ្រុលទៅបុកម៉ូតូចំនួន៣គ្រឿងទៀតចតចោលនៅខាងមុខផ្ទះ បណ្តាលឲ្យនារីម្នាក់ដែលអង្គុយលេងនៅលើម៉ូតូរងរបួសចំជើង និងបែកក្បាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុនសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយក៏មានតំណាងភាគីខាងរថយន្តបង្កបានចេញមុខមកដោះស្រាយ ដោយព្រមចេញសងថ្លៃជួសជុលម៉ូតូទាំង៣គ្រឿង និងថ្លៃព្យាបាលរបួសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ជ្រោយពេជ្រ


ចែករំលែក៖